នៅថ្ងៃទី៥ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៥ក និង ៥ខ បានធ្វើការពិសោធន៍វិទ្យាសាស្រ្ត ដើម្បីធ្វើការបញ្ជាក់ពីសម្មតិកម្ម ដែលថាដីមានជាតិទឹក។ នៅក្នុងសកម្មភាពពិសោធន៍នេះផងដែរ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស មានឧបករណ៍ពិសោធន៍ ដូចជា ខ្អម ចង្ក្រានហ្គាស ផ្ទាំងកញ្ចក់ និង ដី។ ជាដំបូងសិស្សានុសិស្សបាន ជីកដីពីកន្លែងដែលស្ងួត ហើយ ពួកគេបានយកដីនោះទៅដាក់ក្នុងខ្អម។ បន្ទាប់មក ពួកគេបានយកខ្អមនោះដាក់លើចង្រ្កានហ្គាស ហើយយកកញ្ចក់បិទជិត។ នៅពេលពួកគេរង់ចាំ ២ ទៅ ៥ នាទី ពួកគេបានសង្កេតឃើញថា នៅខាងក្រោមកញ្ចក់ចាប់ផ្ដើមមានចំហាយទឹក។
ជាលទ្ធផលនៃការពិសោធន៍នេះ សិស្សានុសិស្សថ្នាក់ទី៥ ទាំងពីរថ្នាក់ បានសន្និដ្ឋានថា ចំហាយទឹកនោះចេញមកពីដីដែលពួកគេបានដាក់ចូលទៅក្នុងខ្អម ហេតុនេះហើយដីពិតជាមានជាតិទឹកដូចអ្វីដែលពួកគេបានសិក្សាមែន។
Comments