នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សិស្សថ្នាក់ទី៦ខ នៃសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុនសែន បានចម្អិនម្ហូបសម្លម្ជូរគ្រឿង ក្រោមការដឹកនាំរបស់លោកគ្រូ គង់ ណាវីន ជាគ្រូបន្ទុកថ្នាក់ទី៦ខ។ សាលាជំនាន់ថ្មីមិនត្រឹមតែបង្រៀនសិស្សឱ្យមានចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងបង្រៀនឱ្យមានទាំងចំណេះធ្វើផងដែរ។
សកម្មភាពមុនពេលចម្អិន
លោកគ្រូបានបែងចែកសិស្សជា ៤ក្រុមក្នុងមួយក្រុមៗត្រូវចម្អិនសម្លម្ជូរគ្រឿងដូចគ្នាៗ ដោយលោកគ្រូបានឱ្យថវិកាទៅសិស្សក្នុងមួយក្រុមចំនួន ២០,០០០រៀលគត់ ដើម្បីគ្រប់គ្រងការចំណាយសម្រាប់ម្ហូបមួយមុខនេះ។ បន្ទាប់មកសិស្សចាប់ផ្ដើមរៀបចំផែនការដូចខាងក្រោម៖
- សាច់គោ(២ខាំ) x ៣,៥០០៛ = ៧,០០០៛
- គ្រឿងបុក = ១,០០០៛
- ម្ទេសក្រហម = ៥០០៛
- អំពិលទុំ = ១,០០០៛
- ត្រកួន២ដុំ x ១,០០០៛ = ២,០០០៛
- ស្លឹកក្រូចសើច = ៥០០៛
- ប្រហុក = ១,០០០៛
- ទឹកត្រី = ៣,៥០០៛
- អំបិល = ៥០០៛
- ម្សៅស៊ុប = ៥០០៛
- ស្ករស = ៥០០៛
- ខ្ទិះដូង = ១,០០០៛
- កំណត់ឈ្មោះអ្នកឡើងផ្សារ
- សិស្សផ្សេងទៀតនៅក្នុងក្រុមរៀបចំចាន ឆ្នាំង ជ្រុញ កាំបិត កញ្ច្រែង កាធុន ចង្ក្រានហ្គាស់ជាដើម(សម្ភារៈរបស់សាលារៀន)។
ក្រោយពេលសិស្សរៀបចំផែនកា លោកគ្រូទទួលបន្ទុកថ្នាក់បានដឹកនាំសិស្សឡើងផ្សារបឹងកុកដែលមានចម្ងាយប្រហែលជា ២០០ម៉ែត្រពីសាលារៀន ដោយមធ្យោបាយឡានរបស់លោកគ្រូផ្ទាល់។
សកម្មភាពអំឡុងពេលចម្អិន
ក្រោយពេលសិស្សបញ្ជប់ការឡើងផ្សារ សិស្សបានត្រឡប់មកក្នុងថ្នាក់វិញជួយគ្នារៀបចំលាងសម្អាតបន្លែ សាច់ និងហាន់សាច់ កាត់បន្លែ ដើម្បីរៀបចំចម្អិន។ រយៈពេល១៥នាទីក្រោយមក សិស្សក្នុងមួយក្រុមៗបានចម្អិនសម្លម្ជូរគ្រឿងបានមួយឆ្នាំដែលមានរសជាតិឆ្ងាញ់ ដែលបានមកពីការចេះ សហការ សាមគ្គីភាពគ្នា និងចេះរៀបចំផែនការបានត្រឹមត្រូវ។
សកម្មភាពក្រោយពេលចម្អិន
ក្រោយពេលចម្អិនរួច សិស្សានុសិស្សក៏បានយកសម្លជូនគណៈកម្មការជាគ្រូបង្រៀននៅក្នុងសាលារៀនដែលសិស្សានុសិស្សបានអញ្ជើញមកធ្វើជាគណៈកម្មការភ្លក់ម្ហូបដើម្បីដាក់ពិន្ទុ។ ក្រោយពេលគណៈកម្មការទាំង៨រូបបានភ្លក់សម្លស្នាដៃសិស្ស គណៈកម្មការបានកោតសរសើរសិស្សថាពិតជាពូកែ ដែលសិស្សត្រឹមតែថ្នាក់ទី៦អាចមានសមត្ថភាពចម្អិនសម្លម្ជូរគ្រឿងដែលមានរសជាតិឆ្ងាញ់បែបនេះ ហើយចេះសាមគ្គីគ្នាបានយ៉ាងល្អទៀតផង។ ដោយគណៈកម្មការចំនួន២រូបៗពិភាក្សាគ្នាដាក់ពិន្ទុតែមួយរូប។
បំណិនផ្សាភ្ជាប់នឹងជីវិតរស់នៅប្រចាំថ្ងៃ
ក្រោយពេលសិស្សរៀនមេរៀននេះចប់ សិស្សមានបំណិនទាំងចំណេះដឹង និងចំណេះធ្វើ ហើយសិស្សនឹងយកមុខម្ហូបមួយនេះទៅចម្អិននៅតាមផ្ទះរៀងៗខ្លួនសម្រាប់ក្រុមគ្រួសារ ដោយក្ដីរីករាយ នឹងមានសុភមង្គលនៅក្នុងគ្រួសារ។