នៅថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៤ក បានលេងល្បែងសិក្សា Running Dictionary ជាមួយអ្នកគ្រូភាសាអង់គ្លេស Dorothy Stone តាមកាលវិភាគសិក្សារយៈពេល ១ ម៉ោង ក្នុង ១ សប្ដាហ៍។ មុននឹងចាប់ផ្ដើមលេង អ្នកគ្រូបានបែងចែកសិស្សជាដៃគូ ដោយប្រើដងឈើតូចៗ ដែលមានទម្រង់ Shapes ផ្លែឈើ និង លេខ។ បន្ទាប់ពីបានដងឈើម្នាក់មួយហើយ សិស្សានុសិស្សទាំងអស់ត្រូវស្វែងរកដៃគូដោយផ្គុំឈើនោះ ឱ្យចេញជារូបរាងផ្លែឈើ។ ដូចឈ្មោះរបស់ល្បែងមួយនេះ ដៃគូនីមួយៗត្រូវឱ្យម្នាក់ ឡើងទៅអានល្បះចំនួន ៤ នៅលើក្ដារម្ដងមួយៗ ហើយត្រូវមកប្រាប់ដៃគូរបស់ពួកគេនូវល្បះទាំងអស់នោះតាមអ្វីដែលពួកគេបានឃើញនិងបានអាន។ ជាលទ្ធផល អ្នកគ្រូបានយកដៃគូដែលឈ្នះចំនួន ៣ គូ ហើយពួកគេទទួលបាន Stickers ម្នាក់មួយ ជារង្វាន់សម្រាប់ការខំប្រឹងនិង ការឈ្នះរបស់ពួកគេ។
ក្នុងសកម្មភាពនេះ សិស្សានុសិស្សរៀនសហការគ្នាជាដៃគូ ហើយពួកគេក៏បានពង្រឹងជំនាញនៃការអាននិងសរសេរល្បះជាភាសាអង់គ្លេសផងដែរ។ ពួកយើងមានការតាំងចិត្តថា សិស្សានុសិស្សគួរតែមានឱកាសរៀនភាសាអង់គ្លេសប្រកបដោយភាពសប្បាយរីករាយក្នុងសកម្មភាពរៀនតាមរយៈការលេង។