នៅថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២៣ សិស្សានុសិស្សថ្នាក់ទី ៤ ដល់ទី ៦ បានចូលរួមធ្វើបទបង្ហាញពីរឿងដែលបានអានហើយពួកគេត្រូវបានជម្រុះដោយ អ្នកគ្រូ ម៉ៅ ស្រីណេត ដែលជាគ្រូដឹកនាំកម្មវិធីមួយនេះ។ បន្ទាប់ពីការធ្វើបទបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍ និង ប្រកបទៅដោយខ្លឹមសារ ជាលទ្ធផលនៃការជម្រុះជុំទី១នេះ សិស្សានុសិស្សចំនួន ១៧ នាក់ត្រូវបានជ្រើសរើស។
កម្មវិធីអំណានល្បីនេះបង្កើតឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖
1. ជម្រុញការអាន និងបង្កើនទម្លាប់នៃការសិក្សាស្រាវជ្រាវរបស់កុមារនៅក្នុងសាលារៀនយើង
2. បណ្ដុះស្មារតីចូលរួមរបស់គ្រូបង្រៀន ក្នុងការជម្រុញនិងលើកកម្ពស់ការអានរបស់សិស្ស
3. បណ្ដុះភាពក្លាហាន ភាពអំណត់ និងការចែករំលែកបទពិសោធន៍ដល់គ្នាទៅវិញទៅមក
4. បណ្ដុះបំណិននៃការគិតកម្រិតខ្ពស់ (ការគិតបែបត្រិះរិះពិចារណា និងជំនាញដោះស្រាយបញ្ហា)
5. បង្ហាញពីភាពម្ចាស់ការ និងសក្ដានុពលរបស់សិស្ស ព្រមទាំងកិត្យានុភាពរបស់សាលារៀន ។
ដំណើរការកម្មវិធី
ការជ្រើសរើសសិស្សចូលរួម
សិស្សទាំងអស់ចាប់ពីថ្នាក់ទី៤ដល់ទី៦អាចចូលរួមការប្រកួតនេះដោយស្មគ្រចិត្ត ដោយពួកគេគ្រាន់តែបំពេញទៅតាមលក្ខណមួយចំនួនដែលកម្មវិធីបានកំណត់ ដូចជាការចុះឈ្មោះចូលរួម ស្រឡាញ់ចូលចិត្តការអាន និងការសិក្សាស្រាវជ្រាវ មានសមត្ថភាពអានស្ទាត់ និងមានការឯកភាពពីគ្រូបន្ទុកថ្នាក់ និងអាណាព្យាបាលរបស់ពួកគេ ។
ការជម្រុះជុំទី ១
សិស្សចូលរួមទាំងអស់ត្រូវបានបែងចែកជាបីក្រុមទៅតាមកម្រិតថ្នាក់របស់ពួកគេ គឺក្រុមថ្នាក់ទី៤ ក្រុមថ្នាក់ទី៥ និងក្រុមថ្នាក់ទី៦ ហើយពួកគេក៏ត្រូវបានកំណត់លក្ខណនៃការប្រកួតផ្សេងៗគ្នាទៅតាមកម្រិតថ្នាក់។
• ថ្នាក់ទី៤ត្រូវអានសៀវភៅយ៉ាងតិច៤ចំណងជើង និងធ្វើកំណត់ត្រាអំណាននៃសៀវភៅនីមួយៗ
• ថ្នាក់ទី៥ត្រូវអានសៀវភៅយ៉ាងតិច៥ចំណងជើង និងធ្វើកំណត់ត្រាអំណាននៃសៀវភៅនីមួយៗ
• ថ្នាក់ទី៦ត្រូវអានសៀវភៅយ៉ាងតិច៦ចំណងជើង និងធ្វើកំណត់ត្រាអំណាននៃសៀវភៅនីមួយៗ
រាល់កំណត់ត្រាអំណានត្រូវសសេរទៅតាមលក្ខណដែលកម្មវិធីបានកំណត់ មានរបៀប ស្អាត គ្រប់ចំនួន ហើយត្រូវមានការចូលរួមគាំទ្រ និងសម្របសម្រួលពីគ្រូបន្ទុកថ្នាក់របស់ពួកគេផ្ទាល់។ បេក្ខជនដែលបានបំពេញគ្រប់លក្ខណហើយបញ្ជូនកិច្ចការមកគណៈកម្មការទាន់ពេលវេលាអាចជាប់នៅក្នុងការជម្រុះជុំទី១។